Update៖ សពនារីដែលទឹកហូរកួចនៅរមណីយដ្ឋានថ្មដាតូច កម្លាំងវរៈព្រំដែនលេខ៥០១ រកឃើញហើយ…

ខេត្តពោធិ៍សាត់៖ កម្លាំងវរៈព្រំដែនលេខ៥០១ បានរុករកសពនារីដែលទឹកហូរកួចនៅរមណីយដ្ឋានទឹកធ្លាក់ថ្មដាតូចឃើញហើយ នៅកាលពីវេលាម៉ោងប្រមាណជាង១ រសៀលថ្ងៃសៅរ៍ ៦រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០នេះ ត្រង់ចំណុចទឹកជ្រោះហូរធ្លាក់ ដែលមានចម្ងាយប្រមាណ ៥០ម៉ែត្រពីកន្លែងកើតហេតុ។

នារីរងគ្រោះឈ្មោះ នូ រ៉ានាត អាយុ២៨ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិទ្រលោកត្បូង ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។សពត្រូវបានកងកម្លាំង និងសមត្ថកិច្ចមូលដ្ឋានដឹកយកទៅមណ្ឌលសុខភាពប្រមោយដើម្បីធ្វើកោសល្យវិច័យ និងធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារសាច់ញាតិ ដើម្បីយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី។

កាលពីវេលាម៉ោង១៤ និង៣០នាទី រសៀលថ្ងៃសុក្រទី១០ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចរមណីដ្ឋានទឹកធ្លាក់ថ្មដាតូច ស្ថិតនៅភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង មានភ្ញៀវទេសចរជាតិចំនួន២នាក់ ត្រូវបានទឹកហូរកួចយកទៅបាត់ ។ តែត្រូវកងកម្លាំងសមត្ថកិច្ចរកឃើញបុរសម្នាក់ឈ្មោះ ប៊ុន ទិត្យ របួសបាក់ជើង និងចង្កេះ ចំណែកនារីម្នាក់ទៀតមិនទាន់រកឃើញទេ ។

ក្រោយពីត្រូវបានសង្គ្រោះ បុរសឈ្មោះ ប៊ុន ទិត្យ អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិផាស៊ីស្រា ឃុំឬស្សីក្រោម ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ បានរៀបរាប់ប្រាប់សមត្ថកិច្ចនគរបាលស្រុកវាលវែង ថា៖ មុនពេលកើតហេតុ គាត់កំពុងហូបបាយ ស្រាប់តែឃើញទឹកហូរកួចនារីម្នាក់ គាត់ហក់ទៅជួយចាប់ដោយដៃម្ខាងចាប់ខ្សែពួរ ឯដៃម្ខាងទៀតចាប់ជាប់អាវនារីនោះ តែដោយសារទឹកហូរខ្លាំងពេក គាត់ក៏របូតដៃធ្លាក់ទៅក្រោមបណ្ដាលឲ្យរងរបួសបែបនេះ តែប៉ុន្មានម៉ោងក្រោយមក គាត់ត្រូវកងកម្លាំងសមត្ថកិច្ចរកឃើញ ហើយត្រូវបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់៕

សូមទស្សនារូបភាពខាងក្រោមនេះ

Related posts

Leave a Comment