កន្លងមកមានបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកមួយចំនួនបានធ្វើការចុះផ្សារ និង បង្ហោះស៊ែរចែកចាយតៗគ្នាពីគ្រូមន្តអាគម និង លោកសង្ឃថៃមួយអង្គបានសម្តែងមហិទ្ធិឫទ្ធិថាខ្លួនជាអ្នកខ្លាំងពូកែ
ចេះមន្តអាគមអូមអាម ដោយអង្គុយនៅក្នុងខ្ទះខ្លាញ់មានដុតភ្លើងពីក្រោមឆេះយ៉ាងសន្ធោសន្ធៅហើយ មិនមានការក្តៅ ឬ រលាករលាត់អ្វីបន្តិចឡើយ បានធ្វើឱ្យមហាជនមានការងឿងឆ្ងល់ និង សង្ស័យជាខ្លាំង ប៉ុន្តែឥឡូវនេះ គឺដឹងការពិតហើយ ចំពោះរឿងនេះ
បើតាមសារព័ត៌មានថៃមួយចំនួនបានធ្វើការចុះផ្សាយ ដោយដកស្រង់សំដីរបស់សាស្ត្រាចារ្យវិទ្យាសាស្ត្រថៃម្នាក់ឈ្មោះ Jessada Denduangboripant បង្រៀននៅសកលវិទ្យាល័យជូឡាឡុងកន (Chulalongkorn) បានធ្វើការបញ្ជាក់ថា នេះវាជាទង្វើ ក្លែងក្លាយ និង បោកប្រាសមួយ យ៉ាងពិតប្រាកដ ដែលមិនអាចប្រកែកបាន ។
ថ្វីត្បិតតែខ្ទះខ្លាញ់នោះត្រូវបានគេដុតភ្លើងឆេះយ៉ាងសន្ធៅសន្ធៅពីក្រោម ប៉ុន្តែប្រេងនៅក្នុងនោះពុំបានពុះទេ ព្រោះថា ខ្ទះខ្លាញ់នោះ ត្រូវបានគេប្រើប្រាស់វត្ថុធាតុពិសេស ហើយរៀបចំជា២ស្រទាប់ ដើម្បី “បង្ខាំងកំដៅ”ចន្លោះនោះអាចត្រូវបានគេដាក់ទឹកចូល ហើយទឹកវានឹងស្រូបយកកម្តៅ រីឯប្រេងពុំមានកម្តៅអ្វីនោះទេ
លោកសាស្ត្រាចារ្យ ក៏បានប្រាប់ពីរបៀបសម្រាប់ត្រួតពិនិត្យមើលយ៉ាងងាយ ដោយគ្រាន់តែយកប្រដាប់វាស់សីតុណ្ហភាពដាក់ក្នុង “ប្រេង” នោះ ការពិតនឹងត្រូវបានស្រាយបញ្ជាក់
ម្យ៉ាងវិញទៀតប្រភេទរុក្ខជាតិ នៅក្នុងខ្ទះនោះ ជាប្រភេទរុក្ខជាតិកាត់បន្ថយកម្តៅ និង ធ្វើឱ្យអ្នកទស្សនាមើលទៅពិតជាគួរឱ្យខ្លាច ។ ហើយអ្នកទស្សនាគិតថា ព្រះសង្ឃអង្គនោះពិតជាមានមហិទ្ធិឫទ្ធិខ្លាំងពូកែអស្ចារ្យ តែការពិតគឺអ៊ីចឹងសោះ ៕ ប្រជាប្រិយ