ពិតជាគួរអោយគោរពមែន ភរិយាអភិបាលខេត្តសៀមរាប ប្រើតែកាបូបកំប្លោកតែមើលទៅពិតជាស្រស់ស្អាតនិងថ្លៃថ្នូរណាស់

ពិតជា​រឿង​គួរឱ្យ​លើកសរសើរ​ខ្លាំងណាស់ ដោយ​គេ​បានឃើញ​លោកជំទាវ​ជា​ភរិយា​ឯកឧត្តម​អភិបាលខេត្ត​សៀមរាប គឺជា​ស្ត្រី​ម្នាក់​បាន​ចូលរួម​លើកស្ទួយ​ស្នាដៃ​ខ្មែរ​ដោយ​ការប្រើ​កាបូប​ច្នៃ​ពី​កំប្លោក​ច្រើនជាង​ប្រើ​កាបូប​ដែលមាន​ម៉ាក​ល្បីៗ

ដូច​ប្រិយមិត្ត​បានដឹងហើយថា ការប្រើប្រាស់​កាបូប​ច្នៃ​ចេញពី​កំប្លោក និង កាបូប​ចាក់ ជាដើម​នោះ ហាក់​សូវ​មិនមាន​ការពេញនិយម​ប្រើប្រាស់​ទូលំទូលាយ​ប៉ុន្មាន​ឡើយ​ក្នុងសម័យ​ទំនើប​នេះ ដោយ​ជំនួស​នូវ​ការប្រើប្រាស់​កាបូប​ស្បែក​មាន​ម៉ាក​ល្បីៗ និង មានតម្លៃ​ខ្ពស់ ផលិត​ចេញពី​ក្រៅប្រទេស​ច្រើនជាង ។ យ៉ាងណាមិញ​ថ្មីៗ​នេះ មានការ​ភ្ញាក់ផ្អើល​មួយ​បន្ទាប់ពី​បានឃើញ​ការចែករំលែក​លើ​បណ្តាញ​សង្គម ដោយបាន​បង្ហាញ​នូវ​រូបភាព​ជាច្រើន​សន្លឹករ​បស់​លោកជំទាវ ទាង អេង ទៀ សីហា ដែល​គេ​ស្គាល់​ជា​ភរិយា​ឯកឧត្តម ទៀ សីហា អភិបាលខេត្ត​សៀមរាប ដែល​លោកជំទាវ​តែងតែបាន​ប្រើប្រាស់​កាបូប​កំប្លោក និង កាបូប​ចាក់​ម៉ូដ​ប្លែកៗ ដែល​សុទ្ធសឹង​ជា​ផលិតផល​របស់​ខ្មែរ និង ធ្វើឡើង​ដោយ​ស្នាដៃ​ខ្មែរ​សុទ្ធសាធ

តាមរយៈ​រូបភាព​ដែល​គេ​បាន​ចែកចាយ​នោះ គេ​សង្កេតឃើញ​លោកជំទាវ ទាង អេង ទៀ សីហា បាន​ប្រើ​កាបូប​ទាំងនោះ​ចូលរួម​កម្មវិធី​ធំៗ​នានា មិន​ថា​ក្នុង​សកម្មភាព​មនុស្សធម៌ ឬ កម្មវិធី​អ្វី​ឡើយ ដោយ​គេ​កម្រ​ឃើញ​លោកជំទាវ​ប្រើប្រាស់​កាបូប​ស្បែក​ម៉ាក​ល្បីៗ​ណាស់ ។ បើ​ងាក​ទៅ​មើល​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Rothkanha Play ដែលជា​ប្រភព​ចែកចាយ​រូបភាព​របស់លោក​ជំទាវ​នោះ បាន​លើកឡើងថា ​គាត់​ស្រស់ស្អាត​ណាស់ ស្អាត​ទាំង​រូបរាង ស្អាត​ទាំង​ទឹកចិត្ត សំខាន់​គាត់​គាំទ្រ​របស់​ខ្មែរ សូម​សរសើរ​ដោយស្មោះ លើកស្ទួយ​ស្នាដៃ​ខ្មែរ​

ចំពោះ​មហាជន​វិញ ក៏មាន​ការលើកសរសើ​រ​ដល់​លោកជំទាវ ទាង អេង ទៀ សីហា យ៉ាងខ្លាំង​ផងដែរ ក្រោយ​បានឃើញ​លោកជំទាវ​ប្រើប្រាស់​នូវ​កាបូប​បែបនេះ ដោយ​ម្នាក់ៗ​បាន​និយាយថា លោកជំទាវ​គឺជា​ស្ត្រី និង ជា​ភរិយា​ថ្នាក់ដឹកនាំ​គំរូ​ម្នាក់ទៀត ដែល​បាន​ចូលរួម​លើកស្ទួយ​ស្នាដៃ ក៏ដូចជា​ផលិតផល​ខ្មែរ ដែល​ទង្វើ​នេះ​ជា​អ្វីដែល​មហាជន​ចង់បាន​បំផុត

Related posts

Leave a Comment