សង្ឃឡុង ចន្ថា ថា បើមានបុណ្យពិត សង្ឃឹមថា រួចផុតទុក្ខបានជួបពុកម៉ែ

ខេត្តតាកែវ ៖ ភិក្ខុឡុង ចន្ថា ដែលមុននេះធ្លាយរឿងឆាតញែស្រី ហើយសន្យាសឹក តែមិនព្រមសឹកតាមសន្យា និងបានរត់គេចចេញពីវត្តបាត់អស់ជាង២ខែមកហើយនោះ ស្រាប់តែលេចមុខតាមបណ្តាញសង្គមវិញ តែមិនបញ្ជាក់ថា កំពុងសម្ងំលាក់ខ្លួននៅទីណាទេ ជាមួយការទម្លាយថា មានការនឹករលឹកដល់ញោមទាំងពីរ (ឪពុកម្តាយ) ជាខ្លាំងបំផុត ព្រោះដឹងដំណឹងថា គាត់យំនឹកកូនប្រុស។

ទោះជាយ៉ាងណា ភិក្ខុអង្គនេះបញ្ជាក់ថា បើខ្លួនមានបុណ្យពិត សង្ឃឹមថានឹងបានរួចផុតទុក្ខដ៏ធំមួយនេះបានជួបឪពុកម្តាយឆាប់ៗ

ភិក្ខុឡុង ចន្ថា បានសរសេរក្នុងទំព័របណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួន នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ ថា “សុខសប្បាយទេញាតិញោមទាំងឆ្ងាយជិត? នឹករលឹកពីចម្ងាយមកញាតិញោមគ្រប់គ្នា នឹករលឹកពុកម្តាយជាខ្លាំងបំផុត ព្រោះដឹងដំណឹងថា គាត់យំនឹកកូនប្រុសរបស់គាត់ កូនក៏នឹករលឹកពុកម្តាយខ្លាំងណាស់ដែរ បើកូនមានបុណ្យពិត សង្ឃឹមថា បានរួចផុតទុក្ខដ៏ធំមួយនេះ បានជួបពុកម៉ែឆាប់ៗ ទេវតាមានពិត លោកនឹងជួយមនុស្សស្មោះត្រង់”។

ភិក្ខុរត់គេចការចាប់ផ្សឹកនេះ ទំនងជាចង់បានអន្តរាគមន៍ពីសម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជួយឱ្យរួចផុតពីការចាប់ផ្សឹកក៏មិនដឹងបានបង្ហោះរូបភាពសម្តេចទាំងទ្វេក្នុងទំព័រហ្វេសប៊ុកដដែល ដោយសរសេរលើកតម្កើងពីគុណសម្តេចនាយករដ្ឋមន្ត្រី និងគណបក្សប្រជាជនកម្ពុជា ព្រមទាំងការជូនពរសម្តេច ជាមួយការបញ្ជាក់ថា គាំទ្រសម្តេចប្រមុខដឹកនាំជានិច្ចផងដែរ

ភិក្ខុ ឡុង ចន្ថា បានសរសេរនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០ ថា “ប្រទេសកម្ពុជា មានសុខសន្តិភាព មកប៉ុណ្ណេះ ដោយសារគុណគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ទើបប្រទេសរីកចម្រើនសុខសប្បាយមកដល់ពេលនេះ ដូច្នេះយើងកូនខ្មែរទាំងអស់គ្នា គួរខិតខំថែរក្សាសុខសន្តិភាពដែលមានសព្វថ្ងៃនេះ ជាមួយគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោទាំងអស់គ្នា ជួនពរសម្តេចមានសុខភាពល្អ បន្តដឹកនាំប្រទេសកម្ពុជា បានយូរអង្វែង ដើម្បីបានសុខសន្តិភាពដល់ប្រជាជនខ្មែរ ប្រជាជនខ្មែរ ត្រូវការសម្តេច គោរព ស្រលាញ់ ហើយគាំទ្រជានិច្ច”។

សូមបញ្ជាក់ថា នៅដើមខែឧសភា ភិក្ខុ ឡុង ចន្ថា បានបែកធ្លាយវីដេអូសំឡេងឆាតនិងទូរស័ព្ទជាមួយនារីក្មេងរូបស្រស់ម្នាក់ ដែលនាងអះអាងថា មានសង្សាររួចទៅហើយ តែភិក្ខុឡុង ចន្ថា នៅតែទាក់ទងនាងសុំស្នេហ៍នាង ដោយបានមានថេរដីកាផ្លែផ្កាផ្តោះផ្តងក្នុងន័យដែលភាសាសាមញ្ញថា “ញ៉ែ” ដោយបបួលណាត់ជួបនារីនោះនៅវត្តស្អាងភ្នំ ទៀតផង។

ទោះជាយ៉ាងណា ក្រោយពេលបែកធ្លាយរឿងញ៉ែស្រីនេះ ក្នុងបទសម្ភាសន៍ជាមួយកាសែត “នគរធំ” កាលពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២០ ព្រះសង្ឃឡុង ចន្ថា បានបញ្ជាក់ថា ករណីបែកធ្លាយឃ្លីបវីដេអូសំឡេងឆាតនោះ គឺគេធើស៊ីលោកទេ ប៉ុន្តែព្រះអង្គសារភាពថា ពិតជាបានឆាតនិយាយជាមួយនារីនោះមែន តែក្នុងន័យរាប់អានធម្មតា ដោយមិនដឹងថា គេរៀបគម្រោងធើស៊ីលោកសោះ។ យ៉ាងណា ភិក្ខុឡុង ចន្ថា បញ្ជាក់ថា ករណីនេះទោះបីមិនដល់ថ្នាក់ត្រូវផ្សឹក តែបើគណៈសង្ឃតម្រូវឱ្យសឹក ក៏ព្រះអង្គព្រមធ្វើតាមដែរ។

ពាក់ព័ន្ធករណីនេះដែរ នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០ សម្តេចព្រះសង្ឃនាយក នន្ទ ង៉ែត បានបញ្ជាឱ្យព្រះវិន័យសំវរ កែវ សាវ៉ន ព្រះមេគណខេត្តតាកែវ ចាត់វិធានការជាបន្ទាន់ កោះហៅភិក្ខុឡុង ចន្ថា មកសាកសួរ ហើយត្រូវភិក្ខុឡុង ចន្ថា ដឹងកំហុស ក៏បានធ្វើកិច្ចសន្យានៅចំពោះព្រះភក្ត្រព្រះមេគណខេត្ត ថានឹងសឹកនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០។

ប៉ុន្តែនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ ភិក្ខុឡុង ចន្ថា បែរជាប្រែព្រះទ័យ មិនធ្វើតាមសន្យាថានឹងសឹកនោះទេ ដោយព្រះអង្គបានសរសេរលិខិតផ្ទាល់ព្រះហស្ត បង្ហោះតាមទំព័រហ្វេសប៊ុករបស់ព្រះអង្គទូលថ្វាយសម្តេចព្រះសង្ឃរាជ សម្តេចព្រះសង្ឃនាយក និងព្រះមន្ត្រីសង្ឃគ្រប់ជាន់ថ្នាក់ថា ព្រះអង្គមិនទាន់អស់និស្ស័យនឹងព្រះទេ ដូច្នេះសុំនៅក្នុងផ្នួស (មិនសឹក) ហើយសូមទទួលកំហុស និងសន្យាប្រព្រឹត្តឱ្យបានល្អតាមព្រះវិន័យឡើងវិញ ហើយបន្ទាប់ពីនោះមក ភិក្ខុឡុង ចន្ថា មិនមានវត្តមានគង់នៅវត្តភ្នំបុរី និងធ្វើតាមកិច្ចសន្យា (សឹក) នោះទេដោយសារតែភិក្ខ ឡុង ចន្ថា មិនគោរពកិច្ចសន្យាលាចាកសិក្ខាបទ (សឹក) ថែមទាំងបានគេចព្រះកាយចេញពីវត្តបាត់ទៀត ទើបនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ សម្តេចព្រះសង្ឃនាយក នន្ទ ង៉ែត បានចេញព្រះបញ្ជាដល់ព្រះមេគណទាំង២៥រាជធានី-ខេត្ត ទូទាំងប្រទេស ឱ្យមានចំណាត់ការបន្ត កុំផ្តល់អាវាសដល់បុគ្គលនេះឱ្យស្នាក់បន្តក្នុងសាសនាទៀត និងបើឃើញបុគ្គលសង្ឃនេះត្រូវសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធចាប់ផ្សឹក ជាបន្ទាន់

Related posts

Leave a Comment