រដ្ឋមន្ត្រីកសិកម្មរកឃើញថា ការឈូសឆាយដីរដ្ឋខុសច្បាប់ នៅតែកើតមាន ដោយប្រាប់…

ភ្នំពេញ៖លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ មើលឃើញថា សកម្មភាពបទល្មើសពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ ការកាប់រានដីព្រៃឈើ និង ព្រៃលិចទឹក ការដឹកជញ្ជូនផល អនុផលព្រៃឈើ និង ការកាប់រាន ដុត ឈូសឆាយដីរដ្ឋខុសច្បាប់ នៅតែបន្តកើតមានឡើងគួរអោយកត់សម្គាល់នៅតាមបណ្តាខេត្តមួយចំនួន

លោករដ្ឋមន្ត្រីក្រសួងកសិកម្ម ថ្លែងបែបនេះ តាមរយៈលិខិតមួយច្បាប់ ជម្រាបជូនលោកប្រធានមន្ទីរកសិកម្ម រាជធានី-ខេត្ត កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០ ថ្មីៗនេះ ដែលទើបត្រូវបានផ្សព្វផ្សាយជាសាធារណៈ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ នេះ

លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម ថ្លែងទៀតថា ដើម្បីធានាបានប្រសិទ្ធនៃការគ្រប់គ្រងធនធានធម្មជាតិ ពិសេសធនធានព្រៃឈើ និង ជលផល នោះ ក្រសួងកសិកម្ម សម្រេចអោយមន្ទីរកសិកម្ម រាជធានី-ខេត្ត ចាត់វិធានការទប់ស្កាត់ និង បង្ក្រាបបទល្មើសព្រៃឈើ ជលផល និង ការកាប់រាន ដុត ឈូសឆាយដីព្រៃឈើ ព្រៃលិចទឹកតាមគ្រប់រូបភាព ក្រោមយន្តការគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី-ខេត្ត ។

យន្តការគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី-ខេត្ត នេះ គឺ ស្របតាមស្មារតីអនុក្រឹត្យលេខ១៥៦ អនក្រ.បក ចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៤ និង សារាចរណែនាំលេខ០៥ សរណន ចុះថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦ របស់រាជរដ្ឋាភិបាលកម្ពុជា អោយទទួលបានប្រសិទ្ធភាពខ្ពស់

Related posts

Leave a Comment