ប៉ាច គីមមួយ គ្មានជំនួយប្រុសក្មេង ព្រោះមិនទាន់ដល់ចំណុចពិសេស

ប៉ាច គីមមួយ ឆ្លើយបែបស្ទាក់ស្ទើរនិងរដាក់រដុបៗ នៅពេលដែលសួរទាក់ទងពីការបង្កាត់ភ្លើងស្នេហាជាមួយតារាចម្រៀងជ្រកកោនក្រោមដំបូលតែមួយ ជាមួយប្រុសក្មេងសយ រតនៈ ដោយពេលខ្លះនាងសារភាពថា ពិតជាស្និទ្ធស្នាលគ្នាមែន និងពេលខ្លះទៀត នាងថា មិនដែលជិះរថយន្ដ ឬទៅណាតែ២នាក់ទេ បើទៅមានតែគ្នាចាប់ពី២នាក់ឡើង។

ដោយឡែក នៅពេលដែលសួរថា តើពេលណានាងដឹកដៃរតនៈ រៀបការនោះ អ្នកមេម៉ាយសាច់សខ្ចីម៉ដ្ឋខៃរលើបរលោងរូបនេះ បែរជាថា មិនដឹងរៀបការជាមួយអ្នកណាទៅវិញ។

គីមមួយ ប្រាប់ថា ទំនាក់ទងរវាងនាងជាមួយរតនៈ មិនទាន់ឈានដល់ចំណុចពិសេសនោះទេ​ហើយនាងក៏មិនបានរស់នៅក្រោមដំបូលផ្ទះជាមួយជាមួយរតនៈ ដែរ​កុំថាឡើយដល់ទិញផ្ទះបង់រំលស់រួមគ្នានោះ។ នាងថែមទាំងសុំអង្វរកអ្នកកាសែតទៀតផងថា កុំអាលសួររឿងផ្ទះបង់រួចពេលណា ព្រោះថាពេលនេះទើបតែបង់បានប៉ុន្មានខែប៉ុណ្ណោះ អីចឹងនៅច្រើនឆ្នាំទៀតណាស់ ហើយនាងគ្មានជំនួយពីប្រុសណាម្នាក់ទេ គឺពឹងតែខ្លួនឯងម្នាក់ប៉ុណ្ណោះ ។

ថ្វីត្បិតតែអ្នកនាងប៉ាច គីមមួយ នៅតែមានះមិនព្រមសារភាពស្នេហ៍ប្រុសក្មេងសយ រតនៈ ជាចំហមែន ប៉ុន្ដែសកម្មភាពរបស់នាងជាមួយតារាចម្រៀងរូបនេះ គឺដូចជាប្ដីប្រពន្ធទើបរៀបការហើយថ្មោងថ្មីអីចឹង។ ពួកគេជិះរថយន្ដនិងញ៉ាំអាហារតែ២នាក់ កណ្ដាលរាត្រី ខណៈដែលគីមមួយ វិញ ធ្លាប់អះអាងថា នាងស្រលាញ់តែប្រុសក្មេងៗទេ បើប្រុសចាប់ពីអាយុ៤០ឆ្នាំឡើង នាងគ្មានអារម្មណ៍ និងមិនចូលចិត្តឡើយ។

ហើយរឿងមានគេស្រលាញ់ គឺមានច្រើនដែរ តែសំខាន់នៅលើខ្លួនឯងប៉ុណ្ណោះ ព្រោះអ្នកស្រលាញ់គេមិនបង្ខំយើងទេ។

ប៉ា​ច គីមមួយ អតីតបេក្ខភាព “The Voice Cambodia” រដូវកាលទី១ និងពេលនេះបានចូលប្រលងកម្មវិធី “I Am A Singer Cambodia” រដូវកាលទី២ ដែលរៀបចំដោយផលិតកម្មហង្សមាសនោះ​បានរៀបការជាមួយតារាចម្រៀងម្នាក់ ដែលនិយមច្រៀងបទជាភាសាបរទេស តែបានចែកផ្លូវគ្នាវិញទាំងចម្រូងចម្រាស ដោយគីមមួយ មិនមានកូន១គ្រាប់ឡើយ។

ទោះជាយ៉ាងណា ប៉ាច គីមមួយ មិនខ្លាចក្នុងការភ្ជាប់ស្នេហ៍ជាមួយតារាចម្រៀងសាជាថ្មីនោះទេ ហើយពេលនេះនាងសង្ឃឹមថា​រតនៈ នឹងមិនធ្វើឲ្យនាងខកចិត្តដូចអតីតប្ដីនាងឡើយ ទើបនាងសុខចិត្តមិនទទួលការឧបត្ថម្ភពីប្រុសណាដែលចង់ទិញផ្ទះវីឡា ឬរថយន្ដទំនើបៗ ឲ្យនាងជិះនិងសោយសោយសុខលើគំនរទ្រព្យនោះទេ ព្រោះតែបុរសដែលអាចធ្វើជា ”ប្ដី” របស់នាងបានទាល់តែប្រុសនោះនាងស្រលាញ់ ហើយមានអារម្មណ៍ដែរទើបអាចទៅរួច។

គីមមួយ បន្ថែមថា ស្រលាញ់រថយន្ដទំនើប ដូចជាម៉ាក Range Rover និង Lexus LX 570។ ប៉ុន្ដែនាងមិនអាចហក់លោតទៅតាមគេបានទេ គឺធ្វើទៅតាមលទ្ធភាពដែលខ្លួនអាចធ្វើបាន ហើយក៍មិនចង់បានរបស់ដែលគេឧបត្ថម្ភដែរ ព្រោះថាយករបស់គេហើយមិនមែនគេឲ្យយើងស្រួលៗឡើយ គឺតែងតែមានចំណងអ្វី១ហើយ។

ដោយឡែក សយ រតនៈ វិញ នៅពេលសួររឿងស្នេហ៍គីមមួយ អតីតកូនក្រុមរបស់ពេជ្រ សោភា កម្មវិធី “The Voice Cambodia” រដូវកាលទី១រូបនេះ តែងតែបង្ហាញទឹកមុខបែបភ័យៗ​និងនិយាយទាំងរដាក់រដុបថា ចាំមើលទៅមុខបន្ដិចទៀតសិន ទើបអាចដឹងច្បាស់៕

Related posts

Leave a Comment