សូមជួយផង! ហុង លួចរត់ចេញពីអង្គការចង់វិលទៅរកជីវិតដូចពីមុនវិញ ច្រើនថ្ងៃហើយរកមិនទាន់ឃើញទេ

កុមារា ហុង ដែលត្រូវបានមហាជនស្គាល់ពេញបណ្ដាញសង្គមហ្វេសប៊ុក តាមរយៈរូបភាព វីដេអូផ្សេងៗ បង្ហាញពីជីវិតតែលតោល គ្មានមេបាថែរក្សា គ្មានគោលដៅ និងតែងតែយកម៉ូតូ រ៉ឺម៉កគេមកជិះ ហើយក្រោយមកត្រូវបានអង្គការ «សង្គ្រោះជនអស់សង្ឃឹម» យកទៅចិញ្ចឹម ផ្គត់ផ្គង់ ផ្ដល់ការស្នាក់នៅ និងរៀនសូត្រនោះ ពេលនេះស្រាប់តែបានរត់ចេញពីអង្គការបាត់ដំណឹងសូន្យឈឹង

តាមលោក ធី ហួរស្រេង ជាអ្នកគ្រប់គ្រងក្មេងៗផ្នែកសិក្សារៀនសូត្រនៃអង្គការខាងលើនេះ បានប្រាប់មកកាន់«ប្រជាប្រិយ» នៅថ្ងៃទី ១៣ កក្កដា ២០២០ នេះថា ហុង បានចេញពីអង្គការតាំងពីថ្ងៃទី ១០ ខែកក្កដា ២០២០ មកម្ល៉េះ មិនដឹងថាគេទៅដល់ណាហើយទេ បច្ចុប្បន្ននេះខាងអង្គការកំពុងតាមរកតែមិនដឹងរកឯណាឃើញទេ ។ តាមការបញ្ជាក់របស់អ្នកគ្រប់គ្រងរូបនេះ ហុង ហាក់មិនសូវពេញចិត្តនឹងជីវិតរស់នៅក្នុងអង្គការឡើយ បើទោះបីជាមានការយកចិត្តទុកដាក់ផ្ដល់អាហារ ការកម្សាន្ត និងការរៀនសូត្រយ៉ាងណាក៏ដោយ ។ ហុង នៅតែនឹកដល់ជីវិតកាលពីអតីតកាលរបស់គេ ជីវិតដែលមានសេរីភាព

យ៉ាងណាមិញលោក ហួរស្រេង ក៏បានឱ្យដឹងថាក្នុងរយៈពេលប៉ុន្មានខែដែលហុង បានផ្ញើជីវិតនៅអង្គការគេក៏បានកែប្រែខ្លួនគួរឱ្យកត់សម្គាល់ផងដែរ ។ គេលែងចេះលួចរបស់អ្នកដទៃ ឯការសិក្សាក៏មានភាពរីកចម្រើនម្ដងបន្តិចៗ ប៉ុន្តែនៅពេលដែលគេបានជួបមនុស្សខាងក្រៅដែលចូលចិត្តគេ ហៅគេ ឬលេងជាមួយគេ ហុងក៏ចាប់ផ្ដើមមានគំនិតទៅរស់នៅខាងក្រៅតាមយថាកម្មរបស់ខ្លួនបន្តទៀតនេះអង្គការ «សង្គ្រោះជនអស់សង្ឃឹម» កំពុងតាមរកកុមារាម្នាក់នេះ ដើម្បីទៅរស់នៅ បន្តការរៀនសូត្រក៏សាងអនាគតបន្តទៀត ។ ប្រសិនបើបងប្អូនបានប្រទះឃើញកុមារូបនេះ សូមជួយទាក់ទងមកអង្គការវិញផងដែលមានទីតាំងនៅតំបន់ផ្សារបែកចាន ផ្លូវជាតិលេខ ៤ ឬមួយទាក់ទងទៅកាន់លេខ ០៩៣ ៣៦៥ ៦៩៦

Related posts

Leave a Comment