ទើបតែអាយុ១២ឆ្នាំសោះ តែក្រៅពីអាជីពជាអ្នកចម្រៀង ឡុង លីងគ័ង្គ ក៏មានសមត្ថភាពបើកមុខរបរមួយនេះទៀត

តាកែវ៖ តារាចម្រៀងវ័យក្មេងសំឡេងធំ ឡុង លីងគ័ង្គ ដែលប្រិយមិត្តជាច្រើនប្រាកដជាបានស្គាល់កុមារារូបនេះតាមរយៈកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក The Voice Kid Cambodia រដូវកាលទីមួយរបស់ស្ថានីយទូរទស្សន៍ហង្សមាសនាកំឡុងឆ្នាំ ២០១៧ កន្លងទៅ។ ត្បិតតែពេលនោះ មិនបានក្លាយជាម្ចាស់ពានក៏ពិតមែន ប៉ុន្តែ លីងគ័ង្គ ក៏ត្រូវបានជ្រើសរើសក្លាយជាតារាចម្រៀងអាជីពមួយរូបផងដែរប្រចាំផលិតកម្មរស្មីហង្សមាស។

ភាពជោគជ័យកើតមានជាបន្តបន្ទាប់ក្រោយពេលដែលបទចម្រៀងរបស់ លីងគ័ង្គ បង្ហោះទៅមានសន្ទុះគាំទ្រច្រើនពីទស្សនិកជន រួមមានដូចជាបទ “ស្នេហ៍ហ្មដំរី” “ចង់មានគ្រួសារកក់ក្តៅ” និងបទ “បុកបាស” ជាដើម។ កត្តាទាំងនេះហើយដែលជំរុញឱ្យកូនក្រុមដ៏ឆ្នើមរបស់គ្រូបង្វឹក ព្រាប សុវត្ថិ រូបនេះកាន់តែមានប្រជាប្រិយភាព និងមានតម្លៃខ្លួនខ្ពស់គួរសមរាល់ពេលដែលឡើងប្រគំតន្ត្រីម្តងៗ

ក្រៅពីសមត្ថភាពច្រៀងបានយ៉ាងល្អប៉ុណ្ណឹងហើយ ឡុង លីងគ័ង្គ ក៏ត្រូវបានទស្សនិកជនកោតសរសើរពីការវិវត្តខ្លួនក្លាយទៅជាតារាចម្រៀងវ័យក្មេងដំបូងគេដែលមានក្រុមរាំផ្ទាល់ខ្លួនមានវ័យស្របាលៗគ្នាថែមទៀតផង។ មិនតែប៉ុណ្ណោះ លីងគ័ង្គ ថែមទាំងមានសមត្ថភាពអាចសម្តែងរឿងភាគបានរហូតដល់ ទៅ ២រឿងដែលត្រៀមនឹងចាក់បញ្ចាំងតាមរយៈស្ថានីយទូរទស្សន៍ហង្សមាសផងដែរ

បន្ទាប់ពីចូលខ្លួនប្រឡូកក្នុងវិស័យសិល្បៈបានរយៈពេលជិត៣ឆ្នាំ កុមារាដែលមានស្រុកកំណើតនៅខេត្តតាកែវរូបនេះ បានបង្កើតក្រុមតន្ត្រីអកកេសមួយដោយដាក់ឈ្មោះរបស់ខ្លួនផ្ទាល់ និងត្រូវបានឪពុកម្តាយជាអ្នកមើលការខុសត្រូវជំនួស។ ទាំងនេះស្តែងឱ្យឃើញថាតារាចម្រៀងវ័យក្មេងញញឹមស្រស់រូបនេះ ពិតជាមានជោគវាសនាល្អមែនដែលអាចជួយសម្រាលបន្ទុកគ្រួសារបានយ៉ាងធូរតាមរយៈសមត្ថភាពដ៏ឆ្នើមរបស់គេ

Related posts

Leave a Comment