ទន្ទឹមនឹងការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ដល់ក្រុមគ្រួសារសពនៃការបាត់បង់គណៈកម្មការ Master Chef Khmer លោក ស៊ឺ សោភ័ណ្ឌប្ញទ្ធី ដែលមហាជនតែងហៅថា Chef ប្ញទ្ធី កាលពីយប់ថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២០ ហើយនោះ មហាជនអ្នកគាំទ្រក៏នៅតែគិតថា លោកមិនទាន់ទៅណាឆ្ងាយនៅឡើយទេ ក៏ព្រោះរូបភាព និង វីដេអូរបស់ Chef ប្ញទ្ធី ហាក់បង្ហាញនៅថ្មីៗនៅឡើយ។
ជាក់ស្តែង មហាជនអ្នកគាំទ្រកាន់តែស្រណោះស្រណោក អាលោះអាល័យដល់ Chef ប្ញទ្ធី កាន់តែខ្លាំងទៀតនោះ ក្រោយពីអ្នកទស្សនាបានត្រលប់ទៅមើលវីដេអូ បង្ហាញពីការតស៊ូរបស់លោករយៈពេលប្រមាណជា ២៥ ឆ្នាំ លើអាជីពជាចុងភៅនេះ តាមការបង្ហោះលើផេកផ្លូវការរបស់ Master Chef Khmer ។
គណកម្មការ Master Chef Khmer លោក ស៊ឺ សោភ័ណ្ឌប្ញទ្ធី បានចាប់អាជីពជាចុងភៅអស់រយៈពេល ប្រមាណជា ២៥ ឆ្នាំហើយ បន្ទាប់ពីលោកបានបញ្ចប់វិទ្យាល័យ ពោលគឺកំឡុងឆ្នាំ ១៩៩៤ នៅទីរួមខេត្តកំពង់ធំ។ ក្នុងវីដេអូនោះ Chef ប្ញទ្ធី បានឲ្យដឹងថា កាលនោះលោកមានក្តីស្រមៃចង់ក្លាយទៅជាចុងភៅក្នុងភោជនីយដ្ឋាន និង សណ្ឋាគារ លំដាប់ផ្កាយ ៥ ។
ក្រោយមកលោកក៏បានសំរេចចិត្តរៀនធ្វើម្ហូប និង ធ្វើជាអ្នកជំនួយការផ្នែកចុងភៅក្នុងសណ្ឋាគារមួយ ដែលមានតួនាទីតូចៗនៅឡើយក្នុងចង្ក្រាន្តបាយរយៈពេល ៣ ឆ្នាំ ដែលគ្រា
នោះ លោកស្ទើរតែឲ្យលោកបោះបង់អាជីពជាចុងភៅទៅហើយ។ ប៉ុន្តែដោយគោលដៅ ការតាំងចិត្តច្បាស់លាស់ ទើបលោកបន្តការតស៊ូរហូតឈានក្លាយទៅជាចុងភៅល្បីឈ្មោះ និង
ជាប្រធានផ្នែកចុងភៅក្នុងភោជនីដ្ឋាន និង សណ្ឋាគារលំដាប់ផ្កាយ ៥ ក្នុងប្រទេសកម្ពុជា។អ្វីដែលកាន់តែក្តុកក្តួល នៅក្នុងវីដេអូនោះ លោកបានលើកទឹកចិត្តអ្នកដែលមានក្ដីសុបិនធ្វើជាចុងភៅ ដូចរូបលោកថា «មានក្តីស្រមៃដ៏ច្បាស់លាស់មួយ គឺជាការជំរុញទឹកចិត្ត ទៅរកភាពជោគជ័យ ដែលអ្នកចង់បាន»៕
សូមទស្សនារូបភាពខាងក្រោម