យើងសង្កេតឃើញថា ស្រីអូន និងអ្នកស្រីទ្រីដាណា ជាបុគ្គល ដែលមហាជនគោរព ស្រឡាញ់ ពេញចិត្តច្រើនដូចគ្នា ចំពោះសកម្មភាពមនុស្សធម៌របស់ពួកគាត់ទាំង២នាក់ ប៉ុន្តែក៏មានបុគ្គលមួយចំនួនតូច មិនពេញចិត្តផងដែរ។
ជាក់ស្ដែង ក្នុងពេលពួកគេធ្វើសកម្មភាពមនុស្សធម៌ ហើយបង្ហោះចូលទំព័រហ្វេសប៊ុករៀងៗខ្លួននោះ បែរជាមានម្ចាស់គណនីហ្វេសប៊ុកមួយ ចាប់អារម្មណ៍ ហើយយល់ថា ជាការកាច់កុង ឌឺដងផ្លែផ្កាដាក់គ្នាទៅវិញ។
ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ«ផ្សារលក់ទំនិញ គ្រប់ប្រភេទ» បានស្ក្រីនសតសកម្មភាពមនុស្សធម៌របស់អ្នកទាំង២ រួចបង្ហោះអមដោយការសរសេរថា «ដល់វគ្គ ជនសប្បុរស អ្នកមានចិត្តបុណ្យ កាច់កុង ឌឺដងផ្លែផ្កាដាក់គ្នាហើយ…មិនមែន ខ្ញុំចេះតែនិយាយទេ តែវាចឹងមែននុងណា មនុស្សគឺចិត្ត»។
ម្ចាស់គណនីហ្វេសប៊ុក ដដែលនេះ បានសរសេរទៀតថា «ទោះអ្នកខំធ្វើប្រយោជន៍សាធារណៈច្រើនយ៉ាងណាអោយតែចិត្តអ្នកចង់បានប្រយោជន៍មកខ្លួន វាមិនមែនជាការងារជនសប្បុរសទេ តែវាជាការងារបម្រើអោយចិត្តឆោតល្ងង់ ឬចិត្តថោកទាបរបស់ខ្លួនឯងតែប៉ុណ្ណោះ។ ការចែកអាមិសទានទោះជាមានទ្រព្យ100សំពៅ ក៏ចែកមិនគ្រប់ដែរ។ តែបើចែកធម្មទាន ទោះបីជាគ្មានលុយមួយកាក់ក៏យើងអាចអោយគេរស់នៅដោយខ្លួនឯងបានដែរ ព្រះពុទ្ធថាធម្មទានឈ្នះអស់ទានទាំងពួង»។
សាររបស់អ្នកស្រីទ្រី ដាណា ដែលគណនីហ្វេសប៊ុកខាងលើយល់ថាជាការកាច់កុងនោះ ធ្វើការបង្ហោះកាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ ដោយមានខ្លឹមសារថា «មានគេសួរខ្ញុំ ថាបងដាណា ពេលដែលបងធ្វើបុណ្យម៉េចបានបងអត់យំដូចគេអញ្ចឹង ខ្ញុំឃើញគេធ្វើបុណ្យចែកទានឃើញគេយំអោបគេរហូត? ខ្ញុំឆ្លើយទៅវិញថា ខ្ញុំអត់ចេះសំដែងទេ ហើយនៅពេល ដែលខ្ញុំចែកទានគឺខ្ញុំតែងតែផ្ដល់ស្នាមញញឹមទៅ ទៅកាន់ពួកគាត់ជានិច្ច ដើម្បីឲ្យពួកគាត់យកគំរូតាមខ្ញុំរក្សាស្នាមញញឹម ប៉ុន្តែពេលណាដែលទឹកភ្នែកខ្ញុំស្រក់ទឹកភ្នែកគឺ ជួប នឹងហេតុការណ៍ ដែលរន្ធត់ទើបខ្ញុំយំ និងស្រក់ទឹកភ្នែក ព្រោះខ្ញុំជាមនុស្សរឹងមាំសម្រាប់ដឹកនាំមនុស្សជាច្រើនម៉ឺននាក់ក្នុងដៃខ្ញុំមិនយកទឹកភ្នែកមកដាក់មុខឡើយ ហើយអ្នកដែលចែកទានស្រក់ទឹកភ្នែករហូតនោះ ប្រហែលគេធ្លាប់ជាតារាសំដែងរឿងផងក៏ថាបាន សម្រាប់ខ្ញុំ រឹងមាំជានិច្ច»។
ចំណែកសាររបស់ស្រីអូន ដែលគណនីហ្វេសប៊ុកខាងលើថាជាការកាច់កុងដែរនោះ សាមីខ្លួន ធ្វើការបង្ហោះកាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ មានខ្លឹមសារថា «អោបគ្នាយំព្រោះរំភើបនិងនឹកគ្រាក្រ»។ គណនីហ្វេសប៊ុកនេះ ស្ត្រីនសតយកតែន័យប៉ុននោះមក តែន័យដើមរបស់គេមានខ្លឹមសារពេញថា «អោបគ្នាយំព្រោះរំភើប និងនឹកគ្រាក្រគាត់ក៏យំខ្ញុំក៏យំគាត់យំរំភើប បានអំណោយខ្ញុំយំនឹកអតីតកាលពេលក្រពីមុនយើងអត់យេីងឃ្លានស្រាប់តែមានគេយកអំណោយមកអោយគឺសប្បាយចិត្តណាស់អ្នកធ្លាប់អត់ ទើបយល់អារម្មណ៍ហ្នឹងពេលទឹកជំនន់លុយទឹកជិះទូកមកទទួលអំណោយទាំងមានសង្ឃឹមព្រោះបានស្បៀងបន្តពាក្យដែលខ្ញុំចងចាំមិនភ្លេចគឺ ម៉ែឃ្លានណាស់ពុទ្ធោម៉ែគេម៉ែខ្ញុំ យាយគេយាយខ្ញុំ ក្រលំបាកហើយមានពិការទៀតអំណោយតិចតួចសម្រាប់ជួយដល់បងប្អូនខ្មែរត្រឹមតែ 5000គ្រួសារគ្រាន់សំរួលបានមួយពេលអនិច្ចាអ្នកស្រែ»។បើតាមស្ក្រីនសតទាំង២ខាងលើឃើញថា អ្នកស្រីទ្រីដាណា បានបង្ហោះសារមុន(ថ្ងៃ១៦តុលា) ខណៈស្រីអូន បង្ហោះនៅថ្ងៃទី១៩ ខែតុលា។ ទោះយ៉ាងណា អាចជាការយល់ច្រឡំពីម្ចាស់គណនីហ្វេសប៊ុកខាងលើ ដោយគិតថា ពួកគេ កាច់កុងគ្នាក៏ថាបាន ព្រោះសារខាងលើអាចជាភាពចៃដន្យមួយ ដូច្នេះអាចមិនមែនជាចេតនារបស់ពួកគេនោះទេ៕
សូមទស្សនារូបភាពខាងក្រោម