រាជធានីភ្នំពេញ៖ បុរសស្រ្ដី២នាក់ប្ដីប្រពន្ធ ទុកកូនតូចឲ្យនៅផ្ទះ ហើយចេញទៅធ្វើការ ក៏ជួបនឹងគ្រោះអកុលសកូនរបស់ពួកគេបានដើរចុះទឹកលង់ស្លាប់ ហើយប្រទះឃើញ បង្កឲ្យភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១២ ថ្ងៃត្រង់ ថ្ងៃទី២៣
ខែតុលា ឆ្នាំ២០២០ ស្ថិតក្នុងភូមិគោកខ្សាច់ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល ។ បើតាមស្រ្ដីជាម្ដាយ បានឲ្យដឹងថា មុនពេលកើតមានគ្រោះអកុសលនោះ ពួកគាត់២នាក់ប្ដីប្រពន្ធ បានចេញទៅធ្វើការងារ ដូចសព្វដង ហើយទុកកូនឲ្យ
បងប្អូនរបស់គេជួយមើល។ លុះមកដល់វេលាម៉ោងកើតហេតុ ពួកគាត់បានគ្នាហូបបាយ តែបាត់កូនមិនឃើញ ក៏នាំគ្នាដើររក ស្រាប់តែប្រទះឃើញសពអណ្តែតទឹកបាត់ទៅហើយ។ ទោះជាយ៉ាងនេះក្ដី ពួកគាត់ក៏នៅតែមិនអស់ចិត្ដ
បានគ្នាស្រង់យកទៅផ្ទះពេទ្យ ហើយគ្រូពេទ្យបានប្រាប់ថា កូនគាត់បានស្លាប់បាត់ទៅហើយ។ ប្រភពព័ត៌មានដដែល បានបន្ដថា ក្រោយគ្រូពេទ្យប្រាប់ដូច្នេះក្ដី ពួកគាត់នៅតែមិនអស់ចិត្តយកកូនមកផ្ទះវិញ ហើយដាក់ឆ្អើរភ្លើងផង ធ្វើ
ចលនាផង ក៏នៅតែមិនអាចសង្គ្រោះបាន។ បន្ទាប់មកពួកគាត់បាននាំគ្នាយកសពកូនទៅវត្តគោកខ្សាច់ និងរាយការណ៍ទៅសមត្ថកិច្ច ឲ្យចុះពិនិត្យមើល ជាក់ស្តែង។ មន្រ្ដីនគរបាលមូលដ្ឋាន បានឲ្យដឹងថា ក្មេងរងគ្រោះ ឈ្មោះ ស៊ីវ វិសាល អាយុ១៣ខែ ជាកូនទី៣ ក្នុងបន្ទុកគ្រួសារ មានឪពុកឈ្មោះ ស្វាយ គឹមស៊ន អាយុ៤១ឆ្នាំ មុខរបរជាងដែក និងម្តាយឈ្មោះ ជា សុភា អាយុ៤០ឆ្នាំ មុខរបរកម្មការិនីរោងចក្រ រស់នៅភូមិកើតហេតុ ។ ក្រោយពេលមាន
សេចក្ដីរាយការណ៍ពីករណីក្មេងលង់ទឹកស្លាប់ សមត្ថកិច្ចជំនាញក៏បានចុះទៅពិនិត្យ និងធ្វើកោសល្យវិច័យ ហើយបញ្ជាក់ថា ក្មេងរងគ្រោះពិតជាបានស្លាប់ដោយសារការលង់ទឹកប្រាកដមែន។ បន្ទាប់មក សមត្ថកិច្ចបានធ្វើកំណត់ហេតុ ប្រគល់សាកសពជូនក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី៕
សូមទស្សនារូបភាពខាងក្រោម