គូស្នេហ៍ភេទដូចគ្នាមួយគូ គឺ Uy និង Tom បានបង្ហាញអំពីការតស៊ូជំនះគ្រប់ឧបសគ្គដើម្បីបានក្លាយជាប្តីប្រពន្ធរៀបការស្របច្បាប់ក្នុងពិធីមង្គលការរបស់ខ្លួន ហើយវាបានធ្វើឱ្យភ្ញៀវដែលចូលរួមក្នុងពិធីដ៏ពិសេសនេះ
រំភើបដល់ស្រក់ទឹកភ្នែកស្ទើរតែទាំងអស់គ្នា ដោយសារស្នេហារបស់ពួកគេនេះ ។Uy និង Tom បានមានទំណាក់ទំនងស្នេហាជាមួយគ្នាអស់រយៈកាល ២០ ឆ្នាំ មកហើយ ក្រោយជួបគ្នាកាលពីឆ្នាំ ១៩៩៩
នៅទីក្រុងបាងកក ដោយកាលនោះ Tom មានអាយុ ២២ ឆ្នាំ ខណៈដែល Uy មានអាយុ ៣២ ឆ្នាំ ។ ក្រោយស្គាល់គ្នាបាន ១ ខែ ពួកគេទាំង ២ បានទៅរស់នៅទីក្រុងញ៉ូវយក ដោយបានរៀនផង និង ធ្វើការក្រៅម៉ោងផង ដើម្បីបានប្រាក់រស់នៅជាមួយគ្នា ។
៣ ឆ្នាំកន្លងផុត ក្រោយពីបានបញ្ចប់ការសិក្សា ពួកគេទាំងពីរត្រូវសម្រេចចិត្តចែកផ្លូវគ្នា ដោយ Tom បានត្រលប់ទៅសិង្ហបុរីដែលជាទីកំណើតវិញ ចំណែកឯ Uy ក៏ត្រូវត្រលប់មកថៃវិញ ហើយស្នេហាដែលជាការលួចលាក់ពីឪពុកម្តាយរបស់ពួកគេត្រូវបានបញ្ចប់។
យ៉ាងណា វាមិនបានបញ្ចប់ឡើយ ដោយសេចក្តីស្រឡាញ់ Tom បានស្រកទម្ងន់អស់ ១០ គីឡួរហូតគ្រួសារគេឆ្ងល់ ហើយគេក៏ប្រាប់ការពីត ។ ដោយចិត្តមិនចង់ឱ្យកូនកាន់តែដុនដាបជាងនេះ គ្រួសារ Tom បានមូលមតិគ្នាឱ្យគេធ្វើតាមបេះដូង ។
ក្រោយបានមកដល់ថៃ Tom និង Uy បានកាន់ដៃគ្នាចាប់ផ្តើមរកស៊ី ដោយមានផែនការរៀបការនៅថ្ងៃអនាគត ។ ដោយចិត្តស្រឡាញ់បានធ្វើឱ្យពួកគេពុះពារគ្រប់ឧបសគ្គហើយចាប់ផ្ដើមរកស៊ី តែការបើកភោជនីយដ្ឋានដំបូងរបស់ពួកគេមិនជោគជ័យឡើយ ។
គំនិតបន្ទាប់ដែលគេនឹកឃើញនោះ គឺការនាំយកភេទទី ៣ ទាំងអស់នៅលើពិភពលោក មកចូលរួមក្នុងព្រឹត្តការណ៍ជប់លាងមួយដែលវាបានក្លាយជាព្រឹត្តិការណ៍ដ៏ល្បីលំដាប់ពិភពលោក ហើយពី មួយឆ្នាំទៅមួយឆ្នាំ ព្រឹត្តិការណ៍នេះបានទទួលជោគជ័យជាលំដាប់ ។
មកទល់នឹងពេលនេះ ពួកគេទាំង ២ បានសម្រេចចិត្តប្រារព្ធខួប ២០ ឆ្នាំនៃក្តីស្រឡាញ់របស់ពួកគេ ដោយរៀបចំពិធីមង្គលការមួយដែលស្រស់ស្អាតដូចក្តីសុបិន្តដែលពួកគេមានកាលពី ២០ ឆ្នាំមុន ។ក្នុងពិធីនោះដែរ Tom បាននិយាយថា
«ខ្ញុំចង់ឱ្យមនុស្សទាំងអស់យល់ពីគូស្នេហ៍ភេទដូចគ្នាឱ្យបានច្រើន ដោយយល់ថាគូស្នេហ៍ស្រឡាញ់ភេទដូចគ្នាអាចមានស្នេហារឹងមាំដូចគ្នា ។ ជីវិតស្នេហារបស់ពួកយើង គឺជាក្តីសុបិនរបស់គូស្នេហ៍ភេទដូចគ្នាជាច្រើន ដូចនេះចូរកុំបោះបង់វាចោល ។ វាក៏ជាការលើកទឹកចិត្តសម្រាប់គូស្វាមីភរិយាស្រឡាញ់ភេទដូចគ្នាដទៃទៀតផងដែរ ។ យើងចង់ឱ្យសង្គមយល់កាន់តែច្បាស់អំពីស្នេហារបស់គូស្រករស្រឡាញ់ភេទដូចគ្នា ។ មុនពេលដែលយើងអាចរស់នៅក្នុងមនោសញ្ចេតនាស្នេហាយើងត្រូវតស៊ូឱ្យខ្លាំង» ៕