ប្រមាណជាជិតមួយខែហើយ នៃដំណើរការកម្មវិធីរត់ដើម្បីសប្បុរសធម៌ជាមួយ សាយ ក្នុងការរៃអង្គាសថវិកាជួយដល់កុមារៗក្នុងមន្ទីរពេទ្យកុមារអង្គរ នៅខេត្តសៀមរាបបើគិតពីថ្ងៃចាប់ផ្តើមទី ៦ ខែតុលា ឆ្នាំ ២០២០
កន្លងទៅនោះ ។យ៉ាងណាមិញ រយៈពេលរត់មកដល់ពេលនេះដែរ សាយ បានធ្វើឲ្យមហាជនអ្នកគាំទ្រកាន់តែមានការព្រួយបារម្ភពីសុខភាពរបស់លោកយ៉ាងខ្លាំង ក្រោយពីម្ចាស់បទ «ងប់ងល់» រូបនេះ
បានឈានជើងចូលពិនិត្យសុខភាព ២ ដងរួចមកហើយ នៅក្នុងខេត្តព្រះស៊ីហនុ និង ខេត្តកោះកុង ក៏ព្រោះស្ថានភាពសុខភាពរបស់លោកហាក់ខ្សោយខ្លាំង ក៏ព្រោះតែការចំណាយកម្លាំងច្រើនក្នុងការរត់នេះ ។
ទោះជាមានឧបសគ្គ ប៉ះពាល់ទៅលើផ្នែកសុខភាពក្តី សាយ នៅតែប្តេជ្ញាចិត្តដូចដើមក្នុងដំណើរការរត់ ៩៩ ថ្ងៃ នៃកម្មវិធី «រត់ដើម្បីសប្បុរសធម៌ជាមួយសាយ » ដើម្បីមន្ទីរពេទ្យកុមារអង្គរ
ហើយអ្វីដែលកាន់តែធ្វើឲ្យអ្នកគាំទ្រ មហាជនទូទៅ កាន់តែស្ងប់ស្ងែងលោកកាន់តែខ្លាំងទៀតនោះគឺ សាយ បានប្រាប់ពាក្យមួយឃ្លាថា «ខ្ញុំរត់ ខ្ញុំឈឺ ខ្ញុំឈប់បាន ហើយខ្ញុំគិតថាបេសកកម្ម ៩៩ ថ្ងៃ នេះ ខ្
ញុំរត់មិនស្លាប់ទេ តែបើមន្ទីរពេទ្យឈប់នោះអាចនឹងមានហានិភ័យ ដល់អាយុជីវិតក្មេងៗ ។ ជារៀងរាល់ថ្ងៃមន្ទីរពេទ្យបានទទួលព្យាបាលក្មេងៗពី ៣០០ ទៅ ៥០០ ករណី បើពេទ្យឈប់មួយថ្ងៃមានន័យថា
ក្មេងៗទាំងអស់នោះមិនត្រូវបានទទួលការថែទាំនោះទេ»។ទន្ទឹមគ្នានោះដែរ សាយ ក៏បានបន្ថែមថាតាមទិន្នន័យរបស់មន្ទីរពេទ្យបានផ្ដល់ឲ្យក្រុមការងាររបស់លោក ក្នុងការជួយសង្គ្រោះក្នុងមួយករណីគិតជាមធ្យមភាគ
គឺស្មើនឹង ៤៦ ដុល្លារ ដូច្នេះមានន័យថា រាល់ការបរិច្ចាគរបស់សប្បុរសជន ៤៦ ដុល្លារ ឡើងទៅ គឺអាចជួយសង្គ្រោះជីវិតក្មេងបានម្នាក់ ដែលត្រូវការការជួយសង្គ្រោះពីមន្ទីរពេទ្យកុមារអង្គរ ។
គួរឲ្យដឹងថា មកដល់ថ្ងៃទី ០៣ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះដែរ សាយ និង ក្រុមការងារកំពុងបន្តដំណើរនៃការរត់ពីខេត្តកោះក្រុង ក្រុងខេមរភូមិន្ទ ទៅដល់ទីរួមខេត្តពោធិ៍សាត់ នៅថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ ២០២០ ខាងមុខនេះ ៕