ភ្នំពេញ លោកវរសេនីយឯក ប៊ុន សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល រាជធានីភ្នំពេញ បានឲ្យដឹងថា នៅថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង៧និង០០នាទី កម្លាំងជំនាញរបស់ការិយាល័យបានស្រាវជ្រាវ
បានឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចហាងកាហ្វេអាម៉ាហ្សូន ផ្លូវព្រះមុន្នីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ ពីបទ «មិនបំពេញកាត្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន»
ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ តាមដីកាបង្គាប់ឲ្យនាំខ្លួនលេខ១៣០០ «ឃ១» ដ.ច.ន ចុះថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០២០ ចេញដោយលោក វ៉ាន់ សែនវិសុទ្ធ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ។
បុរសខាងលើឈ្មោះ ភោ សុផានិត ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរពាណិជ្ជករ មានទីលំនៅបច្ចុប្បន្នផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។
បច្ចុប្បន្នជនសង្ស័យខាងលើ ការិយាល័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់៕