ស្ទើរមិនជឿថា នៅពីក្រោយភាពហ៊ឺហារ និងស្នាមញញឹមដ៏ស្រស់ស្អាត សូដា នីតា ជួបរឿងលះបង់ច្រើនបែបនេះសោះ តែយ៉ាងណាតារាស្រីរូបនេះ មិនមានការអាក់អន់ចិត្តអ្វីឡើយ នាងថែមទាំងអរគុណដល់ខ្លួនឯង ដែលអាចរឹងមាំ ឈរបានមកដល់ពេលសព្វថ្ងៃនេះ។
គេចាំបានថា នេះជាលើកដំបូងដែល សូដា នីតា បានបញ្ចេញអារម្មណ៍របស់ខ្លួនដោយមិនលាក់លៀមនៅ តាមបណ្តាញសង្គមបែបនេះ ដោយក្នុងនោះ នាងបានបង្ហោះសារដែលមានអត្ថន័យថា «១០ឆ្នាំតើមាន ប៉ុន្មានដងទៀតសម្រាប់ខ្ញុំ ? ១០ ឆ្នាំ ៤ដងហើយដែលខ្ញុំលះបង់គ្រប់យ៉ាងសំរាប់មនុស្សក្នុងគ្រួសារ តូចធំ (១៥នាក់)
អរគុណខ្លួនឯងដែលកើតមកមានចិត្តមេត្តា មិនដែលបោះបង់ អ្នកណាម្នាក់ឡើយ ទោះម្នាក់ នោះធ្វើឱ្យដល់កបែបណាក៏ដោយ អរគុណគ្រប់គ្នាដែលធ្វើឱ្យខ្ញុំដឹងថា ជីវិត មួយនេះ កម្មក្រាស់។ ១០ឆ្នាំ មិនមានច្រើនដងសម្រាប់ខ្ញុំឡើយ តែបើថ្ងៃនោះមកដល់ហើយ ដែលបាត់បង់នារីម្នាក់នេះ កុំយំ ព្រោះជីវិតមានតែប៉ុណ្ណឹង» ។
ការលើកឡើងរបស់ សូដា នីតា បានធ្វើឱ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលព្រោះ មិននឹកស្មានថានៅពីក្រោយស្នាមញញឹមដ៏ស្រស់ស្អាតរបស់តារាស្រីរូបនេះបែរជាមានការតស៊ូ និង លះបង់ខ្លាំងដល់ថ្នាក់នេះ ហើយអ្នកគាំទ្រខ្លះក៏បានចូលរួមលើកទឹកចិត្តដល់រូបនាង ដោយនិយាយថានេះជា ជីវិត ស៊ូស៊ូឡើងបងវីរនារីនៅក្នុងគ្រួសារ ។
គួរឱ្យដឹងថា ប្រឡូកក្នុងសិល្បៈជាច្រើនឆ្នាំ សូដា នីតា ត្រូវបានគេចាត់ទុកជាតារាស្រីមួយរូប ដែលមានឈ្មោះបោះសំឡេងនៅក្នុងពិភពសិល្បៈ ហើយថ្មីៗនេះ នាងក៏កាន់តែមានជោគជ័យទាំងការងារ រួមនឹងស្នេហា។ ពេលនេះ នាងក៏មានគូដណ្តឹងទៅហើយ គឺបុរសសង្ហាវ័យក្មេងលោក យុទ្ធ ឋានៈ ដែលតាមគម្រោងពួក គេនឹងរៀបការ នៅក្នុងរយៈពេលពីរ ឬ បីឆ្នាំទៀត ដោយសារពេលនេះ នាងកំពុងកាន់់ទុក្ខម្តាយដែលបានទទួលមរណភាពមិនទាន់បានមួយឆ្នាំផងនោះ៕