ប្តីប្រពន្ធ២នាក់ រួមរស់នឹងគ្នាយ៉ាងមានសុភមង្គល រហូតបង្កើតបានកូន ២នាក់ ជាចំណងនិស្ស័យ ស្រាប់តែមួយរយៈ ចុងក្រោយ កូនៗបានសង្កេតឃើញម្តាយរបស់ខ្លួនលេងហ្វេសប៊ុក និងឆាតឆ្លើយឆ្លងគ្នា ជាញឹកញាប់ជាមួយមនុស្សម្នាក់ (មិនដឹងប្រុសឬស្រី) ដឹងអីក្រោយមកឆ្លៀតពេលដែលប្តីនិងកូនដេកលក់
ស្រាប់តែស្ត្រីជាប្រពន្ធបានវេចបង្វេចនិង យកទាំងលុយកាក់ទ្រព្យសម្បត្តិចុះចោលផ្ទះ ចោលប្តីចោលកូន បាត់អស់ជាង ១០ថ្ងៃ ទោះជាក្រុមគ្រួសារតាម ស្វែងរកយ៉ាងណាក៏មិនឃើញ ទើបបុរសជាប្តីបាន ដាក់ពាក្យបណ្តឹងផង និងប្រកាសអង្វរប្រពន្ធឱ្យវិលវិញ មកអូនបងនិងកូនកំពុងរង់ចាំ។
ស្ត្រីជាប្រពន្ធដែលបានចុះ ចោលប្តីនិងកូន អស់រយៈពេលជាង១០ថ្ងៃ ដោយគ្មានដំណឹងអ្វីទាំងអស់នេះ មានឈ្មោះអ៊ុន សុឃន អាយុ៣៤ឆ្នាំ មុខរប រកសិករ មានប្តីឈ្មោះកែវ នេន អាយុ៣២ឆ្នាំ មុខរបរក សិករ និងមានកូនប្រុសស្រីចំនួន២នាក់ ក្នុងបន្ទុក សព្វថ្ងៃស្នាក់នៅផ្ទះបណ្តែតទឹក ស្ថិតក្នុងភូមិបាក់ព្រា ឃុំព្រៃចាស់ ស្រុកឯកភ្នំ។
តាមសម្តីបុរស ជាប្តីឈ្មោះ កែវ នេន បានរៀបរាប់ទាំងអួល ដើមកថា ប្តីប្រពន្ធពួកគាត់បានរួមរស់ នឹងគ្នាអស់រយៈពេលជាង ១០ឆ្នាំមកហើយ ដោយបង្កើតបានកូនប្រុសស្រី២នាក់ជាចំណងនិស្ស័យ។ កន្លងមកប្តីប្រពន្ធគាត់មិនដែលមានរឿងរកាំរកូស ឈ្លោះទាស់ទែងខ្វែង គំនិតគ្នានោះឡើយ លុះមួយរយៈចុងក្រោយនេះ
គាត់បានសង្កេតឃើញអាការប្រពន្ធដូចជាប្លែកៗដែរ តែមិនចាប់អារម្មណ៍នឹកស្មានថា ប្រពន្ធនឿយហត់នឹងការងារផ្ទះ ឬការមើលថែកូន ស្រាប់តែចុង ក្រោយបែរជាប្រពន្ធវេចបង្វេចវេចទាំងលុយកាក់ទ្រព្យសម្បត្តិចុះចោលប្តីនិងកូនៗ បាត់ បែបនេះតែម្តង។
បុរសជាប្តីរូបនេះ បន្តថា ប្រពន្ធរបស់គាត់បាន ចេញពីផ្ទះបាត់តាំងពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ គិតមកដល់ពេលនេះមានរយៈពេល ១០ថ្ងៃហើយ ដែលគាត់ជាប្តីខំតាមស្វែងរកប្រពន្ធសព្វកន្លែងទូទាំងស្រុក និងធ្លាយដល់ខេត្តទៀត ប៉ុន្តែមិនទទួលបានដំណឹងអ្វីសោះ។ នៅមុន ពេល កើតហេតុពួកគាត់ ២នាក់ប្តីប្រពន្ធ រួមនឹងកូនៗបានចូលដេក នៅក្នុងផ្ទះដូចសព្វដង ដោយគាត់ជាប្តីបានលេបថ្នាំសរសៃប្រសាទអស់ចំនួន ២គ្រាប់ផង រួចក៏លង់លក់ទល់ភ្លឺ។
ស្រាប់តែពេលគាត់ភ្ញាក់ឡើង ក៏បាត់ប្រពន្ធ តែម្តងលុះពេលទៅមើល ខោអាវនិងលុយកាក់ ត្រូវប្រពន្ធប្រមូលយក អស់ទៅហើយ ទុកឱ្យគាត់ និងកូនៗរស់នៅរងាកំព្រាខ្វះភាព កក់ក្តៅពីប្រពន្ធនិងម្តាយ។បុរសជាប្តីបានឱ្យដឹងថា ក្រោយពេលប្រពន្ធបាត់ខ្លួនភ្លាម គាត់បានកាន់ រូបថតប្រពន្ធដើរសួរគេឯងពេញស្រុក
និងចូលទៅដល់ក្រុងបាត់ដំបងដែរ តែមិនបានតម្រុយសោះ បានត្រឹមផ្តែផ្តាំដល់ បងប្អូនប្រជាពលរដ្ឋណាដែលបានឃើញភិនភាគប្រពន្ធរបស់គាត់ដូចក្នុងរូបថត នេះ សូមជួយប្រាប់ប្រពន្ធឱ្យត្រឡប់មកវិញផង ព្រោះគាត់ ជាប្តីកំពុងទន្ទឹងចាំផ្លូវ និងរង់ចាំទទួលដោយមិនរករឿងហេតុអ្វីឡើយ។
ជាមួយនេះ កូនប្រុសស្ត្រីរបស់ស្ត្រីដែលបាត់ខ្លួនខាងលើ ក៏បានយំរៀបរាប់សុំអង្វរឱ្យម្តាយត្រឡប់មកផ្ទះវិញផងដែរ ដោយអះអាងថាទាំងឪពុកនិងពួកគេទាំង ២នាក់ ជាកូនៗនៅរង់ចាំ ទទួលម្តាយជានិច្ច។ជុំវិញករណីខាងលើនេះ លោកអ៊ិន សេនា នាយប៉ុស្តិ៍រដ្ឋបាលឃុំ ព្រៃចាស់ បានឱ្យដឹងថា ស្ត្រីជាប្រពន្ធឈ្មោះអ៊ុន សុឃន បានចុះចេញពីផ្ទះបាត់ តាំងពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ ដោយ ពុំដឹងពីមូលហេតុ ព្រោះប្តីប្រពន្ធទាំង២នាក់នេះ មិនដែលមានរឿងទំនាស់អ្វីជាមួយគ្នាទេ។
ប៉ុន្តែបើតាមសម្តីកូនទាំង២នាក់ និយាយប្រាប់ សមត្ថកិច្ចថា ម្តាយរបស់ពួកគេ (ស្ត្រីឈ្មោះអ៊ុន សុឃន) តែងតែនិយាយទូរស័ព្ទលេងហ្វេសប៊ុកនៅពេលយប់ ឬពេលឪពុក ចេញទៅធ្វើការបាត់ៗជា រៀងរាល់ថ្ងៃ ប៉ុន្តែមិនដឹង ជានិយាយ ជាមួយនរណាឡើយ៕