ពេលនេះនាយ ពែកមី មានឈ្មោះបោះសំឡេងល្បីខ្លាំងក្នុងពិភពសិល្បៈកំប្លែងដែលធ្វើឱ្យមហាជនស្គាល់ស្ទើរគ្រប់គ្នាតែក្នុងនោះគេមិនដឹងឡើយថាតើល្បីដោយសារអ្វី ? មានអ្នកណានៅពីក្រោយការសម្តែងនោះ ?
ពែកមីមានឈ្មោះដើម ចែម ចាន់ដារ៉ា បានក្លាយជាកំពូលតារាកំប្លែងតាំងពីឆ្នាំ ២០១០ ដែលនៅក្នុងរឿងដំបូងមានចំណងជើងថា “ ថាំងចេងទៅចម្លងធម៌” ជាប្រភេទរឿងកំប្លែងយកលំនាំតាមរឿងបុរាណចិនហើយច្នៃជាបែបកំប្លុកកំប្លែង។ក្នុងនោះគេមិនបានដឹងទេថានៅពីក្រោយការផ្ទុះសំណើចរបស់ទស្សនិកជនដោយសារលោកពែកមីក្នុងរឿង“ ថាំងចេងទៅចម្លងធម៌” ក៏មានចំណែកសំខាន់របស់លោកតា វ៉ិចទ័រ ដែលជាអ្នកតែងនិពន្ធ និង ជាអ្នកដឹកនាំគ្រប់គ្រងការសម្តែងក្រុមកំប្លែងនេះឡើយ ។
តាមរយៈស្នាដៃនិពន្ធ និង ដឹកនាំកម្មវិធីរបស់លោកតាវ៉ិចទ័ររាប់សិបរឿងបានធ្វើឲ្យនាយពែកមី និង លោកតា វ៉ិចទ័រ មានទំនាក់ទំនងរាប់អានគ្នាកាន់តែស្និទ្ធស្នាលទ្វេរឡើង ។
នាយ ពែកមី តែងតែស្តាប់ឱវាទនិងគោរពលោកតា វ៉ិចទ័រ ដូចជាឪពុកអ៊ីចឹង ព្រោះពីមុនគាត់គឺជាអ្នកដឹកដៃឱ្យនាយរៀនដើរជាអ្នកណែនាំ និង ចង្អុលបង្ហាញនៅពេលដែលរូបគេមិនទាន់ចេះដើរនៅលើវិថីសិល្បៈបើទោះបីជាកាលពីដំបូងរូបនាយមានទេពកោសល្យសិល្បៈនៅក្នុងខ្លួនខ្លះៗហើយយ៉ាងណាក្តី ក៏មិនទាន់មានក្រុម និង មិនទាន់ចេះប្រើប្រាស់ទេពកោសល្យរបស់ខ្លួននៅឡើយដែរ ។
នាយ ពែក មី រៀបរាប់ថា៖ “ខ្ញុំមានការគោរពស្រឡាញ់និងដឹងគុណចំពោះគាត់ ហើយការគោរពស្រឡាញ់ គឺ យើងធ្វើជារៀងរាល់ថ្ងៃ ដោយឡែកនៅក្នុងឱកាសបុណ្យទានផ្សេងៗគឺយើងបានជូនជារបស់របរដល់គាត់និយាយរួមទង្វើនៃការគោរពនេះគឺធ្វើឡើងជារៀងរាល់ថ្ងៃប្រៀបដូចជាក្រុមគ្រួសារតែមួយទៅហើយ” ។
ក៏ដូចគ្នាដែរលោកតា វ៉ិចទ័ ក៏បានបង្ហាញពីមនោសញ្ចេតនារបស់លោកចំពោះនាយ ពែកមី ដែរថា ៖ “ ពែកមី គឺជាមនុស្សម្នាក់មានទេព្យកោសល្យមានការទទួលខុសត្រូវខ្ពស់អាចដឹកនាំក្រុមកំប្លែងលេងបានល្អបើចង់ឲ្យគាត់លេងរឿងអ្វីមួយគ្រាន់តែប្រាប់គោលៗទៅគាត់ធ្វើបានយ៉ាងល្អ” លោកបន្ថែមថា “រវាងខ្ញុំនិងពែកមីមានមនោសញ្ចេតនារាប់អានគ្នាដូចគ្រួសារតែមួយទៅហើយដែរ ” ៕