នារីវ័យក្មេងម្នាក់ ខ្ចីលុយគេមិនសងហើយ ថែមទាំងផុសរូបម្ចាស់បំណុល ភ្ជាប់ជាមួយការសរសេរពាក្យពេចន៍បំផ្លើសទៀត។
យ៉ាងណាមិញ ជុំវិញរឿងរ៉ាវខាងលើនេះដែរ នារីខាងលើនោះមានឈ្មោះ ឆូយ តុងឈីង ភេទស្រី អាយុ២០ឆ្នាំ ពីមុនស្នាក់នៅភូមិបាសាក់ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ(ផ្ទះជួល) មុខរបរមិនពិតប្រាកដ ត្រូវបានម្ចាស់បំណុលដាក់ពាក្យបណ្ដឹងទៅសមត្ថកិច្ចប៉ុស្តិ៍នគរបាលច្បារអំពៅទី២ ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ ប្តឹងពីបទគំរាម។ ក្នុងនោះ ក្រោយពីនារីនោះ ខ្ចីលុយជនរងគ្រោះជាច្រើនខែមិនព្រមសង។ បន្ថែមពីនោះ ថែមទាំងយករូបជនរងគ្រោះផុសលើបណ្តាញសង្គមហ្វេសប៊ុក ពោលពាក្យឌឺដងផ្លែផ្កា និងជេរប្រមាថទៀតផង។
ពាក់ព័ន្ធករណីនេះ បើតាមសម្តី ជនរងគ្រោះ(ម្ចាស់បំណុល) បានបញ្ជាក់ថា លុយដែលបានឲ្យទៅខាងភាគីម្ខាងទៀតខ្ចីនោះមានចំនួនតែ១០០ដុល្លារទេ អស់រយៈពេល២ឆ្នាំមកហើយ។ តែដល់ពេលដែលខ្លួនទារលុយរបស់ខ្លួនមកវិញ បែរជាអ្នកខ្ចីមិនសង។ ខ្លួនក៏បានផុសរូបទារលុយនារីដែលខ្ចីលុយមិនសងនោះតែម្ដងប៉ុណ្ណោះ។ បន្ទាប់មក គេនៅតែមិនសង ខ្លួន(ម្ចាស់បំណុល) ក៏គិតថាឈប់ចង់បានលុយហ្នឹងហើយ ឲ្យវាចប់ចុះ។
ម្ចាស់បំណុល បន្ថែមថា នារីដែលខ្ចីលុយខាងលើ មិនត្រឹមតែមិនសងទេ ថែមទាំងយករូបរបស់ខ្លួន(អ្នកឲ្យខ្ចីលុយ) ទៅផុសហ្វេសប៊ុក ដើម្បីគំរាមកំហែង និងឌឺដងផ្លែផ្កាឲ្យប្តឹងប៉ូលិសថែមទៀតផង។ អ្នកខ្ចីលុយខាងលើ បានប្រើសម្តីនិយាយឡូយ ឌឺដង បញ្ជោះឲ្យម្ចាស់លុយប្តឹងទៀត។ ក្នុងនោះ នៅលើអាខោននារីដែលខ្ចីលុយនោះ ក៏បានធ្វើការលុបរាល់ការផុសរបស់ខ្លួនមួយចំនួនថែមទៀតផង។
ក្រោយពីឃើញបែបនេះ ជនរងគ្រោះ ក៏បានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលច្បារអំពៅទី២ ដើម្បីហៅមកដោះស្រាយគ្នាជាបន្ទាន់។ លុះពេលម្ចាស់លុយមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍ប៉ូលិស។ ប៉ូលិសក៏ខលទៅ បែរជានារីដែលខ្ចីលុយនោះបានបិទទូរសព្ទ ហើយមិនដឹងគេចដល់ទីណាទេ។ គ្រាន់តែដឹងថា នារីដែលខ្ចីលុយខាងលើ មានស្រុកកំណើតនៅខេត្តតាកែវ តែមិនដឹងធ្វើអ្វីនៅឯណានោះទេ។
ជនរងគ្រោះ បន្តទៀតថា ណាមួយចង់ឲ្យបងប្អូនប្រជាពលរដ្ឋប្រយ័ត្នចំពោះបុគ្គលខាងលើនេះផង ព្រោះតែដើរបោកគេច្រើននាក់មកហើយ។
ទោះយ៉ាងណាទាំងនេះគ្រាន់តែជាអះអាងរបស់ភាគីម្ខាងប៉ុណ្ណោះ កម្ពុជាថ្មីមិនអាចសុំការបំភ្លឺពីភាគីម្ខាងទៀតបាននៅឡើយ៕
សូមទស្សនារូបភាពខាងក្រោម