នៅក្នុងការជិះឡានឌុបម៉ូយទៅចូលរួមពិធីមង្គលការគេ អន្ទិតឡុង ចន្ថា បានធ្វើការឡាយវីដេអូ និយាយគ្នាលេងជាមួយអ្នកគាំទ្ររបស់ខ្លួន ក្នុងនោះ ក៏បានរៀបរាប់ពីភាពកម្សត់ក្រោយពេលសឹករួច អត់មានលុយចាយ មិនដឹងធ្វើអីផងដែរ។តាមរយៈការឡាយនេះ បានធ្វើឲ្យអ្នកគាំទ្រជាច្រើន មានការចាប់អារម្មណ៍ជាខ្លាំង ដោយអ្នកខ្លះបានធ្វើការសួរសុខទុក្ខ អ្នកខ្លះ ស្នើឲ្យអន្ទិតឡុង ចន្ថា បួស វិញផងដែរ។ ជាការឆ្លើយតបអន្ទិតឡុង ចន្ថា បញ្ជាក់ថា មិនបាច់ចាប់អារម្មណ៍នោះទេ បន្តិចទៅ នឹងបួសវិញហើយ អាចមុនចូលឆ្នាំ ចូលឆ្នាំហើយ បើមិនចឹងទេ អាច៥ឆ្នាំទៀត តែឥឡូវដើរលេងឲ្យឆ្អែតសិន។
នៅក្នុងការឡាយនោះ អន្ទិតឡុង ចន្ថា បានឆ្លៀតនិយាយបន្តិចពីជីវិតក្រោយពេលសឹកដូច្នេះថា «សឹកហើយអីហើយនៅតែផ្ទះម៉ែ នៅឯស្រុក មិនដឹងធ្វើអី បើមិនចេះធ្វើអីផងនៅតែផ្ទះ ជិះម៉ូតូលិចកើតៗ ជិះម៉ូតូ ធុញជិះឡាន ជិះឡានធុញ ជិះម៉ូតូ ចេះតែដើរទៅធ្វើម៉េច បើយើងមិនដឹងទៅណា ទៅណី ទំនេរៗទិញលៀសហាល ចាក់សាំង៥លីត្រ ទៅទៅទិញលៀសហាល២កំប៉ុងនៅតាកែវចឹងទៅ ហើយទៅផ្ទះ ទៅអីវិញចឹងទៅ កម្សត់ចង់ងា ប់ មិនដឹងរកអី ធ្វើអី អាលុយក៏គ្មាន និយាយទៅគ្មានទៅអស់ កម្សត់ណាស់…»។
ចំពោះវីដេអូខាងលើនេះ អន្ទិតឡុង ចន្ថា ធ្វើការឡាយកាលពីរសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០២១ ទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយគិតមកដល់ល្ងាចថ្ងៃទី១០ ខែមករា ឆ្នាំ២០២១នេះ មានអ្នកចុចឲ្យជាEmojiផ្សេងៗរហូតដល់២ម៉ឺន, បញ្ចេញមតិជាង២ពាន់ និងចែករំលែកបន្តរហូតដល់ជិត៣ពាន់ឯណោះ។
គួរបញ្ជាក់ថា ក្រោយពីបែកធ្លាយសំឡេងព្រះសង្ឃឡុង ចន្ថា ឆាត និងខលទូរសព្ទញ៉ែស្រីរួចមក មានមហាជនជាច្រើន បានធ្វើការរិះគន់ ស្នើឲ្យផ្សឹក កុំឲ្យខូចដល់សាសនា ហើយពេលនោះ សម្តេចព្រះសង្ឃនាយក នន្ទ ង៉ែត ក៏បានចេញលិខិតមួយ សម្រេចមិនឱ្យ ភិក្ខុ ឡុង ចន្ថា ស្ថិតនៅក្នុងភេទជាបុព្វជិតក្នុងសាសនាបន្តទៀតបានឡើយ។
ពេលនោះ ព្រះសង្ឃឡុង ចន្ថា មិនព្រមផ្សឹកឡើយ ក៏បន្តគេចខ្លួន រហូតដល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០ ទើបបង្ហោះសារក្នុងទំព័រហ្វេសប៊ុក សម្ដែងការអរគុណដល់នាយកខុទ្ទកាល័យ ដែលជួយរកយុត្តិធម៌ ឲ្យបន្តគង់នៅបន្តភេ ទជាអ្នកបួសទៀត។ ប៉ុន្តែនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ ភិក្ខុ ឡុង ចន្ថា ក៏ប្រកាសដំណឹងដ៏ភ្ញាក់ផ្អើលថា ព្រះអង្គ បានលាចាកសិក្ខាបទមួយរយៈ។
តាមអត្ថន័យខាងលើនេះ ពិសេសត្រង់ឃ្លា«លាចាកសិក្ខាបទមួយរយៈ» អាចបញ្ជាក់បានថា ព្រះសង្ឃ ឡុង ចន្ថា មិនទាន់អស់អាល័យនឹងភេទជាអ្នកបួសនោះឡើយ ហើយព្រះអង្គ អាចនឹងធ្វើការបួសវិញ នៅពេលណាមួយនោះ៕ សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា ៖
សូមទស្សនារូបភាពខាងក្រោម