ភ្នំពេញ ៖ ការផឹកស៊ីចាក់ធុងបាស់ពេលយប់រំខានដល់អ្នកជិតខាងចំនួន៥កន្លែង ត្រូវបានសមត្ថកិច្ចចុះទៅអប់រំណែនាំ ឲ្យបញ្ឈប់សកម្មភាព កាលពីយប់ថ្ងៃទី១ ខែមេសា ឆ្នាំ២០២០ ក្រោយពីមានខំមិនរាយការណ៍ពីប្រជាពលរដ្ឋ។
ជាក់ស្ដែង ក្រោយពីប្រជាពលរដ្ឋខំមិនរាយការណ៍នៅលើផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញថា នៅចំណុចផ្លូវបេតុង ក្រុមទី៣ ភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ មានការផឹកស៊ីចាក់ធុងបាស់នោះ, កម្លាំងប៉ុស្តិ៍ចាក់អង្រែលើ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានចុះដល់ទីតាំងភ្លាមៗដើម្បីធ្វើការណែនាំ អប់រំ និងបញ្ឈប់រាល់សកម្មភាពផឹកស៊ី ចាក់ធុងបាស់ ស្រែកច្រៀងឡូឡា បង្កសំឡេងរំខានអ្នកជិតខាងនេះ១ករណីទៀត ក្រោយពីមានពលរដ្ឋខំមិនរាយការណ៍ថា សូមលោកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកត្រួតពិនិត្យការផឹកស៊ី និងច្រៀងឮៗនៅភូមិទឹកថ្លៃ សង្កាត់អូរបែក្អម ខណ្ឌសែនសុខ នៅក្រោយអគារAtwoodនោះ, កម្លាំងខណ្ឌ ប៉ុស្តិ៍ ក៏បានចុះដល់គោលដៅភ្លាមៗ ដើម្បីធ្វើការណែនាំ អប់រំ និងបញ្ឈប់ភ្លាមៗនូវសកម្មភាពរំខានទាំងនោះ
ដោយឡែក២គោលដៅទៀត ក្រុមព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានផ្តល់ដំណឹងជូនលោកវរសេនីយ៍ទោ ស៊ឹម ពិសិដ្ឋ ភ្លាមៗ ក្រោយពីមានការរាយការណ៍ ដើម្បីបញ្ជាកម្លាំងឲ្យចុះដល់គោលដៅទាំង២នោះ ក្នុងសង្កាត់បឹងកេងកង២ និងអូឡាំពិក ដើម្បីធ្វើការណែនាំ អប់រំ និងបញ្ឈប់រាល់សកម្មភាពផឹកស៊ីបង្កសំឡេងរំខានដល់អ្នកជិតខាងនៅយប់ដដែលនេះ សមត្ថកិច្ចប៉ុស្តិ៍នគរបាលទួលសង្កែ២ ខណ្ឌឬស្សីកែវ ក៏បានចុះដល់គោលដៅភ្លាមៗផងដែរ ក្រោយពីទទួលបានខំមិនពីប្រជាពលរដ្ឋ ដែលផ្តល់ដោយក្រុមព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ថា មានករណីផឹកស៊ីចាក់ធុងបាស់បង្កសំឡេងរំខានខ្លាំង តាំងពីព្រឹករហូតដល់យប់ ជារៀងរាល់ថ្ងៃ ដោយបានធ្វើការណែនាំ អប់រំ និងឲ្យបញ្ឈប់ភ្លាមៗនូវសកម្មភាពរំខានដល់អ្នកជិតខាង