រោងចក្រដល់ទៅ ៩១ បានព្យួរការងារ និងប៉ះពាល់ដល់កម្មករជាង ៦១ ០០០នាក់

តាមរបាយការណ៍របស់ លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ ដែលអ្នកសារព័ត៌មានទទួលបាននៅថ្ងៃទី ២ ខែមេសា ឆ្នាំ ២០២០ នេះ កម្ពុជាមានរោងចក្រចំនួន ៩១ ហើយ ដែលបានព្យួរការងារ ហើយកម្មករ-កម្មការិនីដល់ទៅប្រហែល ៦១ ៥០០ នាក់ ដែលរងការប៉ះពាល់  មូលហេតុ ដែលនាំឱ្យរោងចក្រទាំងនោះ ព្យួរការងារ គឺដោយសារតម្រូវការនៅទីផ្សារនាំចេញ ត្រូវបានកាត់បន្ថយ ។

លោក ហេង សួរ បានបញ្ជាក់ក្នុងរបាយការណ៍តៀតថា ការអន្តរាគមន៍របស់រាជរដ្ឋាភិបាល នៅតែមានប្រសិទ្ធភាព រាជរដ្ឋាភិបាល នៅតែបន្តផ្តល់ប្រាក់ ២០ ភាគរយ ស្មើនឹង ៣៨​ ដុល្លារ នៃប្រាក់ខែគោល ១៩០ ដុល្លារ ដល់កម្មករ ដែលបានព្យួរការងារនោះ ។

កន្លងមកការព្យួរការងារនៅតាមរោងចក្រ គឺដោយសារតែរោងចក្រទាំងនោះ ខ្វះវត្ថុធាតុដើម ដែលនាំចូលពីចិន ហើយបញ្ហាធំជាងនេះ គឺអ្នកបញ្ជាទិញ លុបចោលការបញ្ជាទិញផលិតផលសម្លៀកបំពាក់ និង ស្បែកជើងពីកម្ពុជា ។ ដើម្បីទ្រទ្រង់ដល់ជីវភាពកម្មករ រាជរដ្ឋាភិបាល បានកំណត់ឱ្យម្ចាស់រោងចក្រ បង់ប្រាក់ ៤០ ភាគរយ ស្មើនឹងប្រមាណ ៧៦ ដុល្លារនៃប្រាក់ខែគោល ១៩០ ដុល្លារ ទៅដល់កម្មករ-កម្មការិនី ដែលត្រូវព្យួរការងារ រដ្ឋឧបត្ថម្ភ ២០ ភាគរយ ដូចនេះ កម្មករ-កម្មការិនី ត្រូវទទួលបានប្រាក់ខែសរុប ៦០ ភាគ ស្មើនឹងប្រមាណ ១១៤ ដុល្លារ ។បើតាម លោក អាត ធន់ ដែលត្រូវបានសារព័ត៌មានដកស្រង់សំដី កាលពីម្សិលមិញថា ពីមុនថៅកែរោងចក្រ បានបើកប្រាក់ ៤០ ភាគរយ ជូនកម្មករ តែពេលនេះ ដោយសារតែអ្នកបញ្ជាទិញ លុបការបញ្ជាទិញ ទើបធ្វើឱ្យថៅកែរោងចក្រខ្លះ ពុំមានលទ្ធភាព បន្តផ្តល់ប្រាក់ ៤០ ភាគរយនោះ ជូនដល់កម្មករ-កម្មការិនី ទៀតឡើយ ដែលជាបញ្ហាប្រឈមមួយ សម្រាប់កម្មករ កម្មការិនីរបស់យើង ៕

Related posts

Leave a Comment